សំណើសុំគម្រោងវិនិយោគថ្មី
គោលបំណង៖
ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីទទួលបាននូវការអនុម័តលើគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់សំណើសុំគម្រោងវិនិយោគថ្មី សំដៅរួមចំណែកដល់ការបង្កើតបាននូវឱកាសការងារជូនពលករកម្ពុជា
និងកាត់បន្ថយភាពក្រីក្រ
មូលដ្ឋានគតិយុត្ត៖
មើលលម្អិត
• ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា លេខ ០៣ នស ៩៤ ចុះថ្ងៃទី ០៥ ខែសីហា ឆ្នាំ១៩៩៤
• ច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា លេខ នស/រកម/០៣០៣/០០៩ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៣
• អនុក្រឹត្យលេខ ១១១ អនក្រ.បក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៥ ស្តីពីការអនុវត្តច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
• ប្រកាសរួមលេខ ៩៩១ សហវ.ប្រក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការផ្តល់សេវា សាធារណៈរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
អតិថិជនដែលមានសិទ្ធទទួលសេវា៖
មើលលម្អិត
អ្នកវិនិយោគសញ្ជាតិខ្មែរ និងសញ្ជាតិបរទេស
ស្តង់ដារសេវា៖
• រយៈពេល២៨ (ម្ភៃប្រាំបី) ថ្ងៃនៃថ្ងៃធ្វើការ
• កម្រៃសេវា ១៥,០០០,០០០ រៀល
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
• ពាក្យស្នើសុំ (ចុះហត្ថលេខាដោយអ្នកមានសិទ្ធ) (១៥ច្បាប់ ដើម)
• លក្ខន្តិកៈក្រុមហ៊ុន (១៥ច្បាប់ ដើម)
• គម្រោងសិក្សាសមិទ្ធិលទ្ធភាព (១៥ច្បាប់ ដើម)
• ម្ចាស់ភាគហ៊ុនជានីតិបុគ្គល៖
o លិខិតប្រគល់សិទ្ធិ ឬលិខិតតែងតាំងរបស់ក្រុមហ៊ុនមេចំពោះតំណាងស្របច្បាប់របស់ខ្លួន (០១ច្បាប់ ដើម)
o លក្ខន្តិកៈក្រុមហ៊ុនមេ (០១ច្បាប់ ថតចម្លង)
• លិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណ (០១ច្បាប់ ថតចម្លង)
• លិខិតថ្កោលទោសសមាជិកភាគហ៊ុនបរទេស (០១ច្បាប់ ដើម)
• រូបថតសមាជិកភាគហ៊ុន (៤x៦) (១២សន្លឹក)
• ឯកសារបញ្ជាក់ទីតាំង (កម្មសិទ្ធិ-កិច្ចសន្យាជួលដែលមានការបញ្ជាក់ពីអាជ្ញាធរដែនដី ឬសម្បទាន ប្លង់បង្ហាញទីតាំង-ប្លង់មេ) (០១ច្បាប់ ដើម)
• លិខិតបញ្ជាក់ ២៥%នៃដើមទុនចុះបញ្ជីនៅធនាគារពាណិជ្ជណាមួយ (០១ច្បាប់ ដើម)
នីតិវិធីនៃការផ្ដល់សេវា៖
• តុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” ទទួលឯកសារ បន្ទាប់ពីមន្រ្តីជំនាញប្រចាំការពិនិត្យរួចរាល់
• នាយកដ្ឋានរដ្ឋបាល បញ្ជូនទៅ នាយកដ្ឋានវិភាគគម្រោង និងការលើកទឹកចិត្ត និងនាយកដ្ឋានត្រួតពិនិត្យ និងតាមដានគម្រោងវិនិយោគ ព្រមទាំងនាយកដ្ឋានវាយតម្លៃខាងបរិស្ថាននៃគណៈកម្មាធិការវិនិ យោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីចាត់ចែងតាមមុខការ
• មន្ត្រីជំនាញត្រូវរៀបចំកំណត់បង្ហាញ ដោយភ្ជាប់របាយការណ៍របស់នាយកដ្ឋាន ត្រួតពិនិត្យ និងតាមដានគម្រោងវិនិយោគ ស្តីពីការចុះពិនិត្យជាក់ស្តែងទីតាំងស្នើសុំវិនិយោគ សហការជាមួយតំណាងក្រសួង-ស្ថាប័នប្រចាំការនៅ “ក.អ.ក” មុនដាក់ជូនប្រធាននាយកដ្ឋានពិនិត្យផ្តល់មតិ និងសុំមតិបឋមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមរយៈមន្រ្តីតំណាងក្រសួង-ស្ថាប័នប្រចាំការនៅ “ក.អ.ក”
• ឯកឧត្តមអគ្គលេខាធិការរង “គ.វ.ក” ពិនិត្យផ្តល់មតិ
• ឯកឧត្តមអគ្គលេខាធិការ “ក.អ.ក” ពិនិត្យផ្តល់មតិ
ក. ចំពោះសំណើសាមញ្ញ៖
• បន្ទាប់ពីឯកឧត្តមអគ្គលេខាធិការ “ក.អ.ក” ពិនិត្យផ្តល់មតិរួច ឯកសារនេះត្រូវដាក់ជូនឯកឧត្តមអនុប្រធាន “ក.អ.ក” ពិនិត្យ និងសម្រេច។
• បន្ទាប់ពីទទួលបានសេចក្តីសម្រេចពីឯកឧត្តមអនុប្រធាន “ក.អ.ក” នាយកដ្ឋានជំនាញត្រូវរៀបចំលិខិតអនុញ្ញាតជូនឯកឧត្តមអគ្គលេខាធិការ “ក.អ.ក”/ “គ.វ.ក” ចុះហត្ថលេខា តាមរយៈឯកឧត្តមអគ្គលេខាធិការរង “គ.វ.ក” ហើយបញ្ជូនទៅតុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” ដើម្បីយកទៅចុះលេខ និងប្រថាប់ត្រាមុននឹងអញ្ជើញ
អ្នកវិនិយោគមកទទួលយកលិខិតអនុញ្ញាត
ខ. ចំពោះសំណើត្រូវឆ្លងកិច្ចប្រជុំច្រកចេញ-ចូលតែមួយ៖
• បន្ទាប់ពីទទួលបានសេចក្តីសម្រេចពីឯកឧត្តមអនុប្រធាន “ក.អ.ក” នាយកដ្ឋានជំនាញត្រូវរៀបចំឯកសារសម្រាប់ដាក់ប្រជុំច្រកចេញ-ចូលតែមួយ។
កិច្ចប្រជុំច្រកចេញ-ចូលតែមួយនេះ ត្រូវដឹកនាំដោយឯកឧត្តមអនុប្រធាន “ក.អ.ក” និងសម្របសម្រួលដោយឯកឧត្តមអគ្គលេខាធិការ “ក.អ.ក”
ហើយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យនិងសម្រេចលើសំណើសុំវិនិយោគ ហើយលទ្ធផលនៃកិច្ចប្រជុំនេះនឹងត្រូវរាយការណ៍ជូន
ជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ (តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី) ដើម្បីពិនិត្យ និងផ្តល់ការឯកភាព។
• ក្រោយទទួលបានការឯកភាពលើសេចក្តីសម្រេចរបស់អង្គប្រជុំច្រកចេញ-ចូលតែមួយ នាយកដ្ឋានជំនាញត្រូវរៀបចំលិខិតអនុញ្ញាតដាក់ជូនឯកឧត្តមអគ្គលេខាធិការ “ក.អ.ក”/ “គ.វ.ក” ចុះហត្ថលេខា តាមរយៈឯកឧត្តមអគ្គលេខាធិការរង “គ.វ.ក”។
• លិខិតអនុញ្ញាតដែលចុះហត្ថលេខារួច ត្រូវបញ្ជូនត្រង់ទៅតុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” ដើម្បីយកទៅចុះលេខ និងប្រថាប់ត្រាមុននឹងអញ្ជើញ
អ្នកវិនិយោគមកទទួលយកលិខិតអនុញ្ញាត
ក្រសួង / ស្ថាប័នផ្ដល់សេវា៖
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា
តុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
វិមានរាជរដ្ឋាភិបាល តិរវិថីព្រះស៊ីសុវត្តិ វត្តភ្នំ រាជធានីភ្នំពេញ
- ទូរស័ព្ទ ៖ (៨៥៥ ២៣) ៩៨១ ១៥៤
- អីុមែល ៖ cdc.cib@online.com.kh
- គេហទំព័រ ៖ www.cambodianinvestment.gov.kh
យោបល់៖
សេវានេះត្រូវធ្វើឡើងអនុលោមតាមភាពចាំបាច់ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើរតួនាទីជាច្រកចេញ-ចូលតែមួយសម្រាប់ការងារពាក់ព័ន្ធនឹងការវិនិយោគមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ដូចមានចែងក្នុងច្បាប់
និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិនិយោគជាធរមាន។